ហេតុការណ៍បាក់ដីនៅឥណ្ឌូណេស៊ីសម្លាប់មនុស្សជិត៥០នាក់ ខណៈ១៥នាក់នៅបាត់ខ្លួន
រយៈពេល១សប្តាហ៍ដែលប្រទេសឥណ្ឌូណេស៊ី បានរងគ្រោះដោយសារការបាក់ដីបណ្តាលមកពីភ្លៀងធ្លាក់ខ្លាំង ដែលរហូតមកដល់ពេលនេះ ចំនួនអ្នកស្លាប់បានកើនដល់៤៩នាក់។ នេះបើយោងសេចក្តីរាយការណ៍របស់រ៉យទ័រ។ ការរអិលបាក់ដីរយៈពេល១សប្តាហ៍នេះ បានកើតឡើងនៅក្នុងខេត្តជ្វាភាគខាងលិចរបស់ប្រទេសឥណ្ឌូណេស៊ី ដែលរហូតដល់ពេលនេះអ្នកបាត់ខ្លួនក្នុងហេតុការណ៍នេះនៅមាន១៥នាក់ផ្សេងទៀត។ នេះបើយោងតាមទីភ្នាក់ងារជួយសង្គ្រោះរបស់ឥណ្ឌូណេស៊ី «Basarnas» បាននិយាយនៅថ្ងៃទី ៣១ ខែមករា។ តាមការផ្សាយរបស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ កងទ័ពជើងទឹកឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃទី ២៧ខែមករាថា ទាហានចំនួន ២៣ នាក់ក៏បានស្លាប់ផងដែរ ខណៈពេលកំពុងល្បាតនៅតាមបណ្តោយព្រំដែន។ ការបាក់ដីនៅថ្ងៃទី២៤ខែមករា ដែលបានវាយប្រហារភូមិ Pasir Langu ក្នុងតំបន់ Bandung Barat ត្រូវបានបង្កឡើងដោយភ្លៀងធ្លាក់ខ្លាំង។ ការបាក់ដីបានកើតឡើងបន្ទាប់ពីទឹកជំនន់ និងការបាក់ដីដែលបង្កឡើងដោយព្យុះស៊ីក្លូននៅលើកោះស៊ូម៉ាត្រានៅចុងឆ្នាំ ២០២៥ ដែលបានសម្លាប់មនុស្ស ១២០០នាក់ និងបានផ្លាស់ទីលំនៅប្រជាជនជាងមួយលាននាក់។ ទីភ្នាក់ងារជួយសង្គ្រោះបានពង្រីករយៈពេលឆ្លើយតបបន្ទាន់រយៈពេលប្រាំពីរថ្ងៃបន្ថែមទៀតដល់ថ្ងៃទី ៦ខែកុម្ភៈ៕
