dap-news.comសមត្ថកិច្ចឃាត់ខ្លួនម្ចាស់គណនីហ្វេសប៊ុកម្នាក់ ពាក់ព័ន្ធការបង្ហោះសារដែលរងការចោទប្រកាន់ថាប្រមាថប្រជាពលរដ្ឋក្នុងខេត្តពោធិ៍សាត់
ពោធិ៍សាត់៖ យោងតាមព័ត៌មានដែលទទួលបាន ម្ចាស់គណនីហ្វេសប៊ុកឈ្មោះ «អាយ៉ា ទឹកត្នោតជូរ» ត្រូវបានសមត្ថកិច្ចនគរបាលខេត្តពោធិ៍សាត់ឃាត់ខ្លួន ដើម្បីសាកសួរ និងរៀបចំសំណុំរឿងតាមនីតិវិធីច្បាប់ ពាក់ព័ន្ធនឹងការបង្ហោះសារលើបណ្តាញសង្គម ដែលត្រូវបានចោទប្រកាន់ថាមានខ្លឹមសារជេរប្រមាថ និងប៉ះពាល់ដល់កិត្តិយសប្រជាពលរដ្ឋខេត្តពោធិ៍សាត់។តាមព័ត៌មានបឋម បុគ្គលដែលត្រូវបានឃាត់ខ្លួនមានឈ្មោះ ភី យ៉ាងរី អាយុ ២៥ឆ្នាំ មានទីលំនៅនៅភូមិប្រជាធម្មខាងកើត សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។បន្ទាប់ពីការឃាត់ខ្លួន សមត្ថកិច្ចកំពុងបន្តនីតិវិធី ដោយរៀបចំសំណុំរឿងបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីពិនិត្យ និងចាត់ការតាមផ្លូវច្បាប់ ប្រសិនបើរកឃើញថាមានធាតុផ្សំនៃបទល្មើសពិតប្រាកដ។សូមបញ្ជាក់ថា ការឃាត់ខ្លួន ឬការចោទប្រកាន់នៅដំណាក់កាលនេះ មិនទាន់មានន័យថាបុគ្គលខាងលើមានទោសជាស្ថាពរនោះទេ រហូតដល់មានការសម្រេចរបស់តុលាការតាមនីតិវិធី។