dap-news.comព្រះមហាក្សត្រ ៖ សន្និសីទប្រធាន ISC-2 នឹងក្លាយជាព្រឹត្តិការណ៍ ប្រវត្តិសាស្រ្តសម្រាប់កម្ពុជា
ភ្នំពេញ ៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ មានព្រះរាជបន្ទូលថា ព្រះរាជាណាចក្រកម្ពុជា ធ្វើជាម្ចាស់ផ្ទះរៀបចំ សន្និសីទប្រធានសភានៃអន្តរសភា លើកទី២ (ISC-2)នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយសម្រាប់កម្ពុជាក្នុងការពង្រឹងសាមគ្គីភាពសភា ។ ព្រះរាជសាររបស់ព្រះករុណា ព្រះមហាក្សត្រអានដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ នៃព្រឹទ្ធសភាក្នុងសន្និសីទ ប្រធានសភានៃអន្តរសភាលើកទី២ (ISC-2)នៅព្រឹកថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦មានអត្ថន័យខ្លឹមថា ព្រះអង្គមានជំនឿជឿជាក់ថា ការធ្វើជាម្ចាស់ផ្ទះ សន្និសីទប្រធានសភា អន្តរសភាលើកទី២ គឺជាមោទនភាពដ៏ធំធេងសម្រាប់ប្រជាជាតិកម្ពុជា ហើយក៏ជាការរួមចំណែកដ៏មាន អត្ថន័យក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការអន្តរសភា ក្នុងគ្រាដែលពិភពលោកកំពុងប្រឈមមុខនឹង ភាពមិនច្បាស់លាស់ និងបញ្ហាប្រឈម កាន់តែស្មុគស្មាញ ។ ព្រះមហាក្សត្រមានព្រះរាជបន្ទូលថា ព្រឹត្តិការណ៍នេះ បានបង្ហាញយ៉ាងច្បាស់ពី ការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការលើកកម្ពស់សន្តិភាព ស្ថិរភាព និងវិបុលភាពរួម តាមរយៈកិច្ចសន្ទនា និងការទូតសភា ដោយបន្តពង្រឹងលើភាពជោគជ័យ នៃការធ្វើជាម្ចាស់ផ្ទះដែលកម្ពុជា ទទួលបាន ក្នុង សម័យប្រជុំពេញអង្គលើកទី១១ នៃសភាអន្តរជាតិសម្រាប់ការអត់ឱន និងសន្តិភាព កាលពីឆ្នាំ២០២៤ ។ ព្រះករុណា ព្រះមហាក្សត្រសង្ឃឹមយ៉ាងមុតមាំថា សន្និសីទប្រធានសភានៃអន្តរសភាលើកទី ២នេះ នឹងក្លាយជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយ ក្នុងការពង្រឹងសាមគ្គីភាពសភា និងអះអាងជាថ្មីនូវការ ប្តេជ្ញាចិត្តរួមដើម្បីសន្តិភាព , ការយោគយល់គ្នាទៅវិញទៅមក , ការផ្សះផ្សា និងការជឿជាក់ រវាងប្រជាជាតិនិងប្រជាជាតិ។ ព្រះអង្គសូមឱ្យសន្និសីទនេះ ក្លាយជាប្រភពនៃជំនឿជាថ្មីលើការសន្ទនា ពង្រឹង ឆន្ទៈរួមរបស់យើងក្នុងការលើកតម្កើង និងគោរពច្បាប់អន្តរជាតិ ព្រមទាំងលើកកម្ពស់កិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធ ដើម្បីកសាងពិភពលោកមួយដែលមានសន្តិភាព យុត្តិធម៌ និងវិបុលភាពប្រកបដោយ ចីរភាព។ សូមឱ្យយើងរួមគ្នាប្រែក្លាយសាមគ្គីភាព ជាសកម្មភាពជាក់ស្តែង និងផ្លាស់ប្តូរបំណងប្រាថ្នារួម របស់យើង ឱ្យទៅជាការរីកចម្រើនស្ថិតស្ថេរគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជំនាន់នេះ និង ជំនាន់ក្រោយៗទៀត ៕ Related Items: