dap-news.comកម្ពុជា បញ្ជាក់ពីគំរូអនុវត្តដ៏ល្អ នៃការសិក្សាផ្អែកលើការងារ (WBL) និងជំរុញការចល័តកម្លាំងពលកម្ម ដោយសេរីនៅក្នុងតំបន់អាស៊ាន ដោយគ្មានការរើសអើង ក្នុងកិច្ចប្រជុំអាស៊ាន-ស្វីស
ភ្នំពេញ ៖ នាព្រឹកថ្ងៃទី២៨ ខែមេសា ឆ្នាំ២០២៦ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និង បណ្ដុះបណ្ដាលវិជ្ជាជីវៈ បានអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំលើកទី៣ នៃគណៈកម្មាធិការគ្រប់គ្រង គម្រោងថ្នាក់តំបន់ (RPSC) នៃគម្រោងគំនិតផ្ដួចផ្ដើមអាស៊ាន-ស្វីស (ASTI)។ ក្នុងឱកាសនោះ លោកបានគូសបញ្ជាក់ពីគំរូដ៏ល្អ នៃការអនុវត្តការសិក្សាផ្អែកលើការងារ (WBL) របស់កម្ពុជា ក្នុងការអភិវឌ្ឍជំនាញ កម្លាំងពលកម្មក្នុងបរិបទ នៃបច្ចេកទេសទំនើប ដែលជាវឌ្ឍនភាពដ៏សំខាន់មួយនៃគម្រោង ASTI។ កិច្ចប្រជុំចុងក្រោយក្នុងដំណាក់កាលទី១ (២០២២-២០២៦) នេះ ក៏ជាឱកាសសម្រាប់ពិនិត្យមើលសមិទ្ធផល និងកំណត់ទិសដៅអនាគត ដើម្បីពង្រឹងប្រព័ន្ធ TVET របស់កម្ពុជា ឡាវ និងមីយ៉ាន់ម៉ាផងដែរ។