ទីភ្នាក់ងារអវកាសជប៉ុនសាកល្បងជោគជ័យនូវយានគម្រូដែលអាចហោះចុះមកវិញដើម្បីប្រើប្រាស់ឡើងវិញ
ទីភ្នាក់ងារអវកាសជប៉ុនបានប្រកាសជាផ្លូវការកាលពីថ្ងៃសោរ៍ ទី១១ ខែកក្កដា ថាខ្លួនបានសម្រេចការសាកល្បងជោគជ័យលើយានគម្រូថ្មីមួយ ដែលមានសមត្ថភាពហោះឡើងទៅកាន់អវកាស និងអាចហោះចុះមកវិញបានយ៉ាងសុវត្ថិភាព ។ ការសាកល្បងនេះគឺជាជំហានដ៏សំខាន់ក្នុងការអភិវឌ្ឍបច្ចេកវិទ្យាយានអវកាសដែលអាចប្រើប្រាស់ឡើងវិញបាន ដែលនឹងកាត់បន្ថយការខ្ជះខ្ជាយធនធាន និងបង្កើនលទ្ធភាពនៃបេសកកម្មនាពេលអនាគត ។ បច្ចុប្បន្ន បច្ចេកវិទ្យាយានអវកាសដែលអាចហោះចុះមកវិញដើម្បីប្រើប្រាស់សាជាថ្មីបែបនេះ មានតែក្រុមហ៊ុន SpaceX មួយគត់ដែលបានសម្រេច និងកំពុងប្រើប្រាស់យ៉ាងទូលំទូលាយ ។ ការដែលជប៉ុនអាចអភិវឌ្ឍបច្ចេកវិទ្យានេះបានដោយខ្លួនឯង បង្ហាញពីការរីកចម្រើនផ្នែកវិស្វកម្មអវកាសដ៏ខ្លាំងក្លារបស់ប្រទេសជប៉ុន ក្នុងការប្រកួតប្រជែងជាមួយក្រុមហ៊ុនឯកជន និងប្រទេសផ្សេងៗក្នុងវិស័យអវកាស ។ ជោគជ័យនៃការសាកល្បងនេះនឹងបើកផ្លូវឱ្យបេសកកម្មអវកាសរបស់ជប៉ុនមានភាពបត់បែន និងចំណាយតិចជាងមុន ។ វានឹងអនុញ្ញាតឱ្យទីភ្នាក់ងារអវកាសជប៉ុនអាចរៀបចំគម្រោងហោះហើរទៅកាន់គោលដៅឆ្ងាយៗ ឬធ្វើការស្រាវជ្រាវក្នុងលក្ខណៈបន្តបន្ទាប់ ដោយមិនចាំបាច់សាងសង់យានថ្មីទាំងស្រុងសម្រាប់រាល់ការហោះហើរនីមួយៗ ។
