អគ្គនាយក ARDB និងអភិបាលខេត្តព្រះវិហារ ពិភាក្សាផែនការអភិវឌ្ឍន៍កសិកម្មដើម្បីបង្កើនចំណូលប្រជាពលរដ្ឋ
លោកបណ្ឌិត កៅ ថាច ដែលជាប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម (ARDB) និងជាប្រធានសមាគមបណ្តាញកសិករតេជោ បានជួបពិភាក្សាការងារជាមួយលោក គីម រិទ្ធី អភិបាលខេត្តព្រះវិហារ ។ ជំនួបនេះបានផ្តោតលើការរៀបចំផែនការអភិវឌ្ឍន៍កសិកម្មក្នុងខេត្តព្រះវិហារ ដើម្បីជួយដល់ប្រជាពលរដ្ឋឱ្យមានការងារធ្វើ និងបង្កើនប្រាក់ចំណូល ។ ផែនការអភិវឌ្ឍន៍នេះនឹងផ្តោតសំខាន់លើភូមិតាកឹងបៃតង និងសហគមន៍នានានៅក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ។ សកម្មភាពគន្លឹះរួមមាន ការជំរុញផលិតកម្មចិញ្ចឹមសត្វ វារីវប្បកម្ម និងការដាំដុះបន្លែ ដែលជាផ្នែកមួយនៃការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ ។ ក្រៅពីការផលិត លោកបណ្ឌិត កៅ ថាច និងលោកអភិបាលខេត្ត ក៏បានពិភាក្សាអំពីការរៀបចំការកែច្នៃចំណីអាហារផងដែរ ។ គោលដៅនៃការកែច្នៃនេះ គឺដើម្បីផ្គត់ផ្គង់តម្រូវការប្រើប្រាស់នៅក្នុងខេត្តព្រះវិហារផ្ទាល់ និងតំបន់ជុំវិញ ដែលនឹងជួយកាត់បន្ថយការនាំចូល និងបង្កើនតម្លៃបន្ថែមដល់កសិផលក្នុងស្រុក ។
