កាសែតខ្មែរ
CMAC និង APOPO ចុះកិច្ចព្រមព្រៀងទទួលជំនួយ ១,៦លានអឺរ៉ូ ដើម្បីបោសសម្អាតសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតាមខេត្តជាប់ព្រំដែន
អង្គភាពសកម្មភាពកម្ចាត់មីនរបស់កម្ពុជា បានចុះកិច្ចព្រមព្រៀងជាមួយអង្គការអន្តរជាតិ APOPO ដើម្បីពន្លឿនការស្រាវជ្រាវ និងបោសសម្អាតគ្រាប់បែកចង្កោម និងសំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះផ្សេងទៀតនៅតាមបណ្តាខេត្តជាប់ព្រំដែនរបស់កម្ពុជា។ មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) បានសរសេរនៅលើហ្វេសប៊ុករបស់ខ្លួននៅថ្ងៃនេះថា មជ្ឈមណ្ឌលសកម្មភាពកម្ចាត់មីនកម្ពុជា (CMAC) និងអង្គការ APOPO បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា នៅថ្ងៃអង្គារ ទី២៧ ខែតុលា ឆ្នាំ២០២៦ នៅទីបញ្ជាការកណ្តាលរបស់ CMAC ក្នុងរាជធានីភ្នំពេញ។ គម្រោងនេះមានរយៈពេល ១៨ខែ ចាប់ពីខែតុលា ឆ្នាំ២០២៦ ដល់ខែមីនា ឆ្នាំ២០២៨ ដោយទទួលបានជំនួយឥតសំណងពីសហភាពអឺរ៉ុប (EU) ចំនួន ១,៦លានអឺរ៉ូ ស្មើនឹងប្រមាណ ១,៨លានដុល្លារអាមេរិក។ គម្រោងនេះមានគោលបំណងគាំទ្រដល់ស្ថិរភាព និងការស្តារឡើងវិញនៅតាមសហគមន៍ជាប់ព្រំដែន តាមរយៈការពន្លឿនការស្រាវជ្រាវ និងបោសសម្អាតសំណល់យុទ្ធភណ្ឌផ្ទុះពីសង្គ្រាម។ CMAC បានឱ្យដឹងថា គម្រោងនេះនឹងជួយស្តារសកម្មភាពសេដ្ឋកិច្ចសង្គមនៅតំបន់រងផលប៉ះពាល់ លើកកម្ពស់សុវត្ថិភាពសហគមន៍ និងបង្កើតលក្ខខណ្ឌសមស្របសម្រាប់ការអភិវឌ្ឍប្រកបដោយចីរភាព។ អង្គភាពនេះបានបញ្ជាក់ថា សំណល់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅតែបន្តគំរាមកំហែងដល់អាយុជីវិត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ដែលធ្វើឱ្យកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិមានសារសំខាន់ចំពោះប្រតិបត្តិការបោសសម្អាតមនុស្សធម៌។ អង្គការ APOPO គឺជាដៃគូអន្តរជាតិដ៏សំខាន់របស់ CMAC ក្នុងការងារបោសសម្អាតមីន និងសំណល់យុទ្ធភណ្ឌពីសង្គ្រាម ចាប់តាំងពីឆ្នាំ២០១៤ មក។ អង្គការទាំងពីរបានសហការគ្នាក្នុងការរំដោះផ្ទៃដីដែលមានការបំពុលដោយសំណល់យុទ្ធភណ្ឌផ្ទុះ […]


